១៨/១០/២០២២
ខេត្តពោធិ៍សាត់ ៖ លោកស្នងការរង ភុំ ផៃឌឿន ដែលត្រូវបានក្រសួងមហាផ្ទៃទើបនឹងសម្រេចជាស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១០ខែតុលាឆ្នាំ ២០២២ ថ្មីៗនេះស្រាប់តែនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ លោកក៏បានប្រើហិង្សា វាយទៅលើមន្ត្រីនគរបាលចរាចរណ៍ វ័យចំណាស់ម្នាក់នៃអធិការដ្ឋាននគរ បាលស្រុកវាលវែង នៅ ក្នុងកម្មវិធីជប់លៀងប្រកាសតែងតាំងលោកអភិបាលស្រុកវាលវែង។
មន្ត្រីនគរបាលស្រុកវាលវែងមួយរូបបានឱ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្នុងកម្មវិធីជប់លៀងប្រកាសតំណែងអភិបាលស្រុកថ្មី នៃស្រុកវាលវែង លោក ភុំ ផៃឌឿន បានប៉ះពាក្យសម្ដីជាមួយនឹងមន្ត្រីនគរបាលមួយរូបរហូតឈានដល់ប្រើកណ្ដាប់ដៃវាយទៅលើមន្ត្រីនគរបាល ចរាចរចំណាស់ម្នាក់ គឺ លោក ឃឹម ប៊ុនថង បណ្ដាល ឲ្យរងរបួសហើមមុខហើមមាត់។
ករណីនេះ របាយការណ៍ក៏មិនត្រូវបានមន្ត្រីជំនាញធ្វើដែរ សង្ស័យខ្លាច ឥទ្ធិ ពលលោកស្នងការរង រូបនេាះ។
ប្រភពខ្លះបង្ហើបថា បន្ទាប់ពីបានវាយតប់ដោយកណ្ដាប់ដៃរួចហើយលោក ភុំ ផៃឌឿន បានព្យាយាមបើក រថយន្តបំបុកជនរងគ្រោះថែមទៀតផង នេះបង្ហាញអោយឃើញថា គាត់មានចេតនាប្រើហិង្សាខណៈ វៃហើយ បន្តសកម្មភាពរបស់ខ្លួន បំពានទៅលើជនរងគ្រោះ ។
លោក ភុំ ផៃឌឿន ត្រូវបានអ្នកស្រុកវាលវែងខេត្តពោធិ៍សាត់ អះអាងថា គាត់ជាអ្នករកស៊ីដឹកជញ្ជូនឈើដ៏ល្បីល្បាញម្នាក់ នៅខេត្តពោធិ៍សាត់ ឥឡូវនេះលោក ភុំ ផៃឌឿន ត្រូវបានប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ ខ្លាចរអាគ្រប់ៗគ្នា ក៏ព្រោះតែគាត់មាន អំណាច ខ្លាំងសម្បើម ។
ទាំងជនរងគ្រោះ ទាំងមន្ត្រីនគរបាលស្រុកវាលវែងក៏ដូច ជាលោកអធិការស្រុក មិនអាចអត្ថាធិប្បាយបញ្ហានេះទេ ព្រោះយល់ថា វាកំពុងស្ថិតនៅក្នុងដំណាក់ កាលសម្រប សម្រួលបញ្ចប់បញ្ហា រឺមួយអាយនិងខ្លាចអំណាចលោក ភុំ ផៃឌឿម គាត់ថាបាន ។
ប៉ុន្តែបើតាមប្រភពសុំមិនបញ្ចេញឈ្មោះបានខ្សឹបថា លោក ភុំ ផៃឌឿន ជាស្នងការរងនគរបាលខេត្តពោធិ៍សាត់ បានទូរសព្ទមកគំរាមជនរងគ្រោះជាមន្ត្រីនគរបាលស្រុកវាលវែង ដោយគ្រាន់តែពោលពាក្យសុំទោសនិងព្យាយាមមិនឲ្យមានការប្ដឹងផ្ដល់អ្វីនោះឡើយ។
ចំពោះបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើងមិនអាចសុំកាន់បំភ្លឺពីលោក ភុំ ផៃឌឿន បានទេដោយគ្មានលេខទូរសព្ទ។អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីលោក ភុំ ផៃឌឿន ស្នងការរងនគរបាលខេត្តពោធិ៍សាត់រៀងរាល់ម៉ោងធ្វើការ៕