ពិធីបើកសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកំពង់ឆ្នាំង!!!
+++++&&&+++++
កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអប់រំ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលរងក្រុង-ស្រុកទាំង៨ តំណាងអង្គការដៃគូអភិវឌ្ឍន៍ បុគ្គលិកអប់រំ និងលោកគ្រូអ្នកគ្រូសរុបជាង ១៧១នាក់។
សន្និបាតពេលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំសិក្សា ២០២៤-២០២៥ កន្លងមក និងលើកទិសដៅការងារ និងបញ្ហាប្រឈមនានាដែលត្រូវដោះស្រាយ ដើម្បីពង្រឹងគុណភាពអប់រំក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ឱ្យកាន់តែប្រសើរឡើង។ ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ស្របតាមយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ។
ថ្លែងក្នុងឱកាសនោះ គណៈអធិបតីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា នៅក្នុងខេត្តទាំងមូល៕








































