កំពង់ឆ្នាំង ÷ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរ ទិវាជាតិ ទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គី ដើម្បីទីក្រុងស្អាត»
ពិធីនេះបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅបរិវេណសួនសម្តេចចៅហ្វាវាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយយមានការចូលរួមពីមន្រ្តីរាជការ អាជ្ញាធរក្រុង សង្កាត់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។
លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ការរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត នាពេល នេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងអំពី សារៈសំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតី ដល់ ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ និងសម្អាតបរិស្ថានក្នុង ក្រុងកំពង់ឆ្នាំង និងតាមបណ្តាមូលដ្ឋាន ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រងនាពេលអនាគត ។
ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក៏ ជាឱកាសមួយសម្រាប់បន្តលើកទឹកចិត្ត និងជំរុញឱ្យគ្រប់មជ្ឈដ្ឋាន បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង ដើម្បីរក្សាភាពស្អាត និងភាពទាក់ទាញរបស់ខេត្តកំពង់ឆ្នាំង ឱ្យកាន់តែ ប្រសើរឡើងបន្ថែមទៀត។
លោកបានបន្តថាទិវាជាតិទីក្រុងស្អាតនេះ ក៏បានអនុវត្តនៅតាមរដ្ឋបាល ក្រុង ស្រុក និងសង្កាត់ តាមសាលា រៀន និងតំបន់ផ្សេងៗ ផងដែរ ដើម្បីពង្រឹងការយល់ដឹង និងលើក ទឹកចិត្តឱ្យគ្រប់មជ្ឈដ្ឋានចូលរួមថែរក្សាបរិស្ថាន និងអនាម័យ សាធារណៈ ឱ្យកាន់តែមានភាពផុលផុសឡើងថែមទៀត៕


































