ខេត្តកំពង់ឆ្នាំង÷ការថ្លែងបែបនេះនៅល្ងាចថ្ងៃទី 22 ខែ មីនា ឆ្នាំ 2022នៅចំណុស្ពានអូរសាច់ ស្ថិតនៅក្នុង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីលោក ផល សុភាពអភិបាលរងស្រុកបរិបូណ៌បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ របស់ស្រុកបរិបូណ៌ចុះទៅពិនិត្យទីតាំងបោះបង្គោលព័ទ្ធយកដី ដែលមានទំនាស់រវាង ឯកឧត្តមយូ ប៉ាសិទ្ធិ និងប្រជាពលរដ្ឋប្រមាណជា 20 គ្រួសាររស់នៅក្នុងឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
-លោក ផល សុភាព បានបញ្ជាក់ជូនអ្នកសារព័ត៌មានយើងថា ក្នុងនាមលោកជាមន្ត្រីសាធារណៈ ដែលបម្រើប្រជាជន និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឱ្យចុះទៅពិនិត្យទីតាំងដីទំនាស់ ជាក់ស្ដែង ស្រាប់តែលេចចេញដីកាកោះហៅឲ្យចូលទៅបំភ្លឺនៅថ្ងៃទី 25 ខែមីនាឆ្នាំ 2022 ពីបទ(ប្រើប្រាស់ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ )ទៅវិញដែលម្ចាស់ពាក្យបណ្ដឹងគឺ ឯកឧត្តម យូ ប៉ាសិទ្ធិ។ លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌បាននិយាយចំៗថានេះជាការគំរាមកំហែងមកលើរូបលោកដែលជាមន្ត្រី រាជការសាធារណៈ ខិតខំបម្រើផលប្រយោជន៍ជូនប្រជាជន។ -ចំណែកឯលោក កេត សុឃា មេឃុំមេលំក៏បានរៀបរាប់ដែរថា លោកមិនដែលបានទៅប្រើប្រាស់ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុនោះឡើយក្នុងនាមលោកជាអាជ្ញាធរដែនដីលោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនិងសំណូមពររបស់ប្រជាពលរដ្ឋឱ្យចុះទៅជួយពិនិត្យមើលទីតាំងដីដែលមានទំនាស់រវាងប្រជាពលរដ្ឋ ជាមួយឯកឧត្តម យូ ប៉ាសិទ្ធិ ប៉ុណ្ណោះចុះហេតុអ្វី ឯកឧត្តម យូ ប៉ាសិទ្ធិ ទៅប្ដឹងលោកទៅវិញ។ -សូមបញ្ជាក់ផងដែរថា÷បើយោងទៅលើប្លង់ផែនទីដី របស់ឯកឧត្តម យូ ប៉ាសិទ្ធិ គឺមានទំហំ 768605មែត្រការ៉េតែប៉ុណ្ណោះតែជាក់ស្ដែង ឯកឧត្តម យ៉ូ ប៉ាសិទ្ធិ បានប្រើគ្រឿងចក្រទៅជីកកកាយឈូសរំលោភយកដល់ទៅទំហំ 878475ម៉ែត្រការ៉េ (ឈូសលេីសជាង10ហិចតា)ឯណោះទើបធ្វើឲ្យមានទំនាស់ជាមួយប្រជាពលរដ្ឋបែននេះ។ -ប្រជាពលរដ្ឋដែលរងគ្រោះបានលើកឡើងថា ឯកឧត្តម យូ ប៉ាសិទ្ធិ ពិតជាបានឈូសឆាយរំលោភយកដីស្រែចម្ការរបស់ពួកគាត់ពិតប្រាកដមែន កន្លងមកប្រជាពលរដ្ឋម្ចាស់ដីនិងអាជ្ញាធរបានចុះទៅធ្វើការហាមឃាត់ជុំវិញការឈូសឆាយ រំលោភប៉ះពានដីរបស់ពួកគាត់ តែភាគីឯកឧត្តម យូ ប៉ាសិទ្ធិ មិនស្ដាប់ឡើយថែមទាំងបានសួរទៅអាជ្ញាធរដែនដីថាពេលចុះមកនេះមានលិខិតបេសកកម្មអត់។ -តែទោះជាបែបណានៅល្ងាចថ្ងៃទី 22 ខែមីនាឆ្នាំ 2022 លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌បានឲ្យខាងភាគីឯកឧត្តម យូ ប៉ាសិទ្ធិ ផ្អាកការបោះបង្គោលរបងបន្តទៀតដើម្បីរងចាំការដោះស្រាយគ្នាសិន។ -បើយោងតាមប្រភពព័ត៌មានសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឱ្យអ្នកសារព័ត៌មានយើងដឹងថាការឈូសឆាយរំលោភបំពានដែលធ្វើទៅទាំងគឃ្លេីន បែបនេះដោយសារតែម្ចាស់ដីមានងារជា ឯកឧត្តម ពិសេសក្នុង ខេត្តកំពង់ឆ្នាំងមានបុគ្គលដែលមានអំណាច លំដាប់ផ្កាយ នៅចាំការពារពីក្រោយខ្នងថែមទៀតផង។ អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយពី ឯកឧត្តម យូ ប៉ាសិទ្ធិដោយក្តីរីករាយប្រសិនបើព័ត៌មានខាងលើមិនពិតប្រាកដ៕23/03/2022