នៅល្ងាចថ្ងៃអាទិត្យ ២៧កុម្ភៈ ខណៈអ៊ុយក្រែននិងរុស្ស៊ីព្រមព្រៀងគ្នាបើកកចិ្ចចរចាជាលើកដំបូងនៅព្រំដែនបេឡារុស លោកពូទីនបានប្រកាសបញ្ជាឲ្យប្រមុខការពារជាតិរុស្ស៊ីប្រុងជើងព្រួលអាវុធនុយក្លេអ៊ែរឲ្យបានខ្ពស់។ ភ្លាមៗនោះ អាមេរិកនិងអង្គការអូតង់បានបរិហារសម្តីរបស់លោកពូទីននេះថាមានគ្រោះថ្នាក់និងមិនអាចទទួលយកបានឡើយ។
បទបញ្ជារបស់លោកពូទីនមិនមែនមានន័យថាប្រទេសរុស្ស៊ីមានបំណងប្រើអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែអាមេរិកបានបរិហារថ្កោលទោសទង្វើរបស់លោកពូទីននេះថាជាការដុតបញ្ឆេះឲ្យវិបត្តិកាន់តែឡើងកម្តៅឡើង និងមិនអាចទទួលយកបានសោះឡើយ។
“នេះគឺជាឧទាហរណ៍មួយដែលគេបានឃើញពីលោកប្រធានាធិបតីពូទីន តាមរយៈជម្លោះនៅអ៊ុយក្រែន។ វាជាការគំរាមកំហែងមួយក្នុងគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃការឈ្លានពានរបស់រុស្ស៊ី”។ នេះគឺជាសម្តីរបស់អ្នកនាំពាក្យសេតវិមានអាមេរិកអ្នកស្រី ជែន សាគីដែលនិយាយនៅលើកញ្ចក់ទូរទស្សន៍ ABC ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅមន្ទីរបញ្ចកោណ បានហៅចំណាត់ការរបស់ក្រុងមូស្គូនេះថាជាការបង្កើនភាពតានតឹង ប៉ុន្តែមិនបាននិយាយនោះថាតើអាមេរិកនឹងឆ្លើយតបទៅនឹងការប្រកាសរបស់វិមានក្រេមឡាំងនេះឬយ៉ាងណា។ មិនខុសគ្នានេះដែរ ប្រមុខអង្គការអូតង់លោក យែន ស្តុលទែនប៊ែរ បាននិយាយនៅល្ងាចថ្ងៃអាទិត្យថាសេចក្តីសម្រេចរបស់ប្រធានាធិបតីពូទីនឲ្យកងកម្លាំងនុយក្លេអ៊ែរស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់គឺជាគ្រោះថ្នាក់មួយ និងជាការគ្មានទំនួលទទួលខុសត្រូវ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលំដាប់ទីពីររបស់ពិភពលោក និងមានឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិកដ៏ធំដែលបង្កើតបានជាឆ្អឹងខ្នងដ៏រឹងមាំនៃកងកម្លាំងការពាររបស់ប្រទេស។
លោកប្រធានាធិបតីពូទីន និយាយថាលោកបានបញ្ជាឲ្យមានប្រុងជើងការ “អាវុធនុយក្លេអ៊ែរ”ខ្ពស់ ដោយហេតុក្រុមប្រទេសលោកខាងលិចកំពុងចាត់វិធានការខ្លាំងប្រឆាំងនឹងប្រទេសរុស្ស៊ីក្រោយរុស្ស៊ីបើកប្រតិបត្តិការសឹកលើអ៊ុយក្រែន។
ងាកមកទីក្រុងវ៉ាស៊ីនតានវិញ មន្ត្រីការពារជាតិអាមេរិកម្នាក់បានបដិសេធមិននិយាយនោះទេថាតើកងកម្លាំងនុយក្លេអ៊ែររបស់អាមេរិកដែលជាកម្លាំងធំជាងគេបំផុតលើលោកត្រូវបានដាក់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ឬក៏អត់នោះ។ តែមន្ត្រីអាមេរិកដដែលនេះនិយាយថាអាមេរិកនៅតែមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនក្នុងការការពារខ្លួនឯង សម្ព័ន្ធមិត្តនិងប្រទេសដៃគូរបស់អាមេរិក៕