(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតបដិសេធជុំវិញខ្លឹមសារ នៃការជូនដំណឹងផ្តល់អាហាររូបករណ៍របស់ «សមាគមស្ត្រីដើម្បីសង្គម» ដែលប្រកាសផ្តល់អាហារូបករណ៍ ៥០ភាគរយ ចំនួន២,៥០០កន្លែង និង១០០ភាគរយ ចំនួន៥០០កន្លែង ដល់សិស្ស និស្សិត ចូលសិក្សានៅតាមសកលវិទ្យាល័យមួយចំនួន។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «នាពេលថ្មីៗនេះ សមាគមស្ត្រីដើម្បីសង្គម បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ស្តីពីការផ្តល់អាហារូបករណ៍ ៥០% ចំនួន ២,៥០០កន្លែង និង១០០% ចំនួន ៥០០កន្លែង នៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថាននានារួមមាន៖
*ទី១៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
*ទី២៖ សាកលវិទ្យាល័យកម្ពុជា
*ទី៣៖ សាកលវិទ្យាល័យបញ្ញាសាស្រ្ត
*ទី៤៖ សាកលវិទ្យាល័យន័រតុន
*ទី៥៖ សាកលវិទ្យាល័យវេស្ទើន
*ទី៦៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដោយតម្រូវឱ្យសិស្សានុសិស្សទៅដាក់ពាក្យស្នើសុំអាហារូបករណ៍នៅសមាគមរបស់ខ្លួន។
ក្រសួងអប់រំ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ករណីនេះ គ្រឹះស្ថានឧត្តមសិក្សាខាងលើបានបញ្ជាក់ថា មិនមានកម្មវិធីផ្តល់អាហារូបករណ៍ តាមរយៈ (សមាគមស្ត្រីដើម្បីសង្គម) នោះទេ និងសូមធ្វើការបដិសេធចំពោះ ខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ»។
ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សានុសិស្ស និងសាធារណជនទាំងអស់ កុំចាញ់បោកការឃោសនាបំភ្លើស បោកប្រាស់ ដែលនាំឱ្យមានការភ័ន្តច្រឡំ និងខូចខាតប្រយោជន៍ផ្សេងៗ ដោយប្រការណាមួយ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយផ្សព្វផ្សាយ និងទប់ស្កាត់ ការឃោសនាបំផ្លើស បោកប្រាស់ខាងលើឱ្យបានទាន់ពេលវេលា និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕