ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់មានបណ្តាសារព័ត៌មាន ច្រើនបានចុះផ្សាយ ករណីលោក មាស ដាវីត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្តីទី ស្រុករលាប្អៀរ បានប្រើហិង្សាលើប្រជាពលរដ្ឋ។ ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បានចាត់ជំនាញពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវ និងមានចំណាត់ការ ឃើញថាករណីហិង្សាលើប្រជាពលរដ្ឋនេះ ពិតជាកើតមានមែន។ ជនរងគ្រោះមាន ឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតហេតុកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ក៏បានសម្រេច ផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកព្រឹន្ទបាលឯក មាស ដាវីត នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអណ្តូងស្នាយ ស្តីទី ស្រុករលាប្អៀរ និងឱ្យមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការត្រួតពិនិត្យរង់ចាំការសម្រេចជាថ្មី។ ប្រគល់ភារកិច្ចជូនផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតលើបណ្ដឹង របស់ឈ្មោះ អៀង សុភ័ក្រ ហៅយ៉ត ករណីហិង្សាដោយចេតនា៕
























