ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ រួមជាមួយឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការនិមន្តពីព្រះតេជគណព្រះសង្ឃ និងដោយមានការចូលរួមពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកស្នងការ មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិជាតិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព យុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា យុវជន១៥៧ យុវជនរាជសី សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានចូលរួមមិទ្ទិញបុណ្យខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យជូនជាតិមាតុភូមិ។