២០/១០/២០២២
កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងយោធិននារីរបស់អង្គភាព ដើម្បីពង្រឹងការងារយេនឌ័រ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពី លោក យ៉ែម លក្ខិណា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញនាំយកអង្ករចំនួន ១០០គីឡូក្រាម ស័ង្កសី ១០០សន្លឹក មី ២កេះ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ ២យួរ អាវរងា ០២អាវ មុង០២ ជែលលាងដៃ ០៦ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួន ០២គ្រួសារ ក្នុងនោះមាន៖
១.គ្រួសារប្រជាពលរដ្ឋឈ្មោះ អឿន កេង ប្តីប្រពន្ធ ត្រូវអគ្គិភ័យឆាបឆេះផ្ទះទំហំ ៤ម៉ែត្រ គុណ ៣.៥ម៉ែត្រ អស់ទាំងស្រុង នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
២.គ្រួសារប្រជាពលរដ្ឋឈ្មោះ អ៊ូច គឹម អាយុ ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ ចិញ្ចឹមចៅតូចៗចំនួន ០៦នាក់ ត្រូវខ្យល់កន្ត្រាក់បក់រលំផ្ទះទំហំ ៣.២ម៉ែត្រគុណ៤ម៉ែត្រ នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ស្ថិតក្នុងឱកាសនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋតាំងគ្រួសារនាពេលនេះ និងបានមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលវេលា មិនអាចធ្វេសប្រហែសបានឡើយ ។
ជាចុងបញ្ចប់គ្រួសាររងគ្រោះទាំង២គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយសហការី rithysen news