១០/០៨/២០២២ ខេត្តកំពង់ឆ្នាំង ÷ បន្ទប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំងបានទទួលបណ្ដឹងសុំអន្តរាគមន៍ ពីប្រជាពលរដ្ឋ រួចមក ឯកឧត្ដម
សាន់ យូ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យទីតាំងទំនាស់ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២២កន្លងមកនេះ។
អាជ្ញាធរ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន ស្នើសុំ ឯក ឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជួយ អន្តរាគមន៍ រកយុត្តិធម៌ ពាក់ព័ន្ធទៅនឹងអ្នកមានលុយ មានអំណាចម្នាក់បានប្ដឹង អាជ្ញាធរស្រុក.មេឃុំ និងប្រជាពលរដ្ឋ សរុប១៥ នាក់ចូលទៅស្នងការនិងតុលាការខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានរឿងទំនាស់ដីធ្លីនៅចំណុចស្ពានអូរសេខ្សាច់ ស្ថិតនៅក្នុង ភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានបញ្ជាក់ថា ក្នុងនាមលោកជាមន្ត្រីសាធារណៈ ដែលបម្រើប្រជាជន និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ឱ្យចុះទៅពិនិត្យទីតាំងដីទំនាស់ ជាក់ស្ដែង ស្រាប់តែលេចចេញលិខិតកោះហៅឲ្យចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២២កន្លងមក ពីបទ(ប្រើប្រាស់ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ )
ម្ចាស់ពាក្យបណ្ដឹងគឺ លោក យូ ប៉ាសិទ្ធិបម្រើការងារនៅក្រសួងកិច្ចការនារី។
លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌បាននិយាយចំៗថានេះជាការគំរាមកំហែងមកលើរូបលោកដែលជាមន្ត្រី រាជការសាធារណៈ ខិតខំបម្រើផលប្រយោជន៍ជូនប្រជាជន។
ចំណែកលោក កេត សុឃា មេឃុំ មេលំ ដែលរងបណ្ដឹង ពីលោក យូ ប៉ាសិទ្ធិ ក៏បានរៀបរាប់ថា លោកមិនដែលបានទៅប្រើប្រាស់ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុនោះឡើយ ក្នុងនាមលោកជាអាជ្ញាធរដែនដី លោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋនិងសំណូមពររបស់ប្រជាពលរដ្ឋឱ្យចុះទៅជួយពិនិត្យមើលទីតាំងដីដែលមានទំនាស់រវាងប្រជាពលរដ្ឋ ជាមួយលោក យូ ប៉ាសិទ្ធិ ប៉ុណ្ណោះចុះហេតុអ្វីលោក យូ ប៉ាសិទ្ធិ ប្ដឹងលោកទៅវិញ។
ប្រជាពលរដ្ឋ ដែលរងគ្រោះរឿងដីធ្លី នឹងរងបណ្ដឹងរបស់លោក យូ ប៉ាសិទ្ធិ នៅតុលាការ ជាង ១០ គ្រួសារបានអះអាងថា លោក យូ ប៉ាសិទ្ធិ ពិតជាបានឈូសឆាយរំលោភបំពានយកដីរបស់ពួកគាត់ពិតប្រាកដមែន និងធ្វើឲ្យខូចខាតផលដំណាំជាច្រើនថែមទៀតផង។
កន្លងមកប្រជាពលរដ្ឋម្ចាស់ដីនិងអាជ្ញាធរមូលដ្ឋានបានចុះទៅធ្វើការហាមឃាត់កុំអោយឈូសឆាយ តែភាគឺកូនចៅលោក យូ ប៉ាសិទ្ធិ មិនស្ដាប់ឡើយថែមទាំងបានសួរទៅអាជ្ញាធរដែនដីថាពេលចុះមកនេះមានលិខិតបេសកកម្មអត់។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលអះអាងថារងផលប៉ះពាល់ គាត់មិនបានទៅទាមទារដីរបស់លោក យូ ប៉ាសិទ្ធិដែលមានទំហំ ៧៦៨ ៦០៥ ម៉ែត្រការ៉េនោះទេគឺគាត់ទាមទារតែដីរបស់គាត់បន្តិចបន្តួចម្នាក់តែប៉ុណ្ណោះ។
បើយោងតាមប្រភពព័ត៌មានពីគេហទំព័រមួយបានចេញផ្សាយកាលពីពេលកន្លងមកនៅខេត្តព្រះសីហនុ បានលើកឡើងថា លោក យូ ប៉ាសិទ្ធិ ជាកូនប្រុសរបស់លោកជំទាវ យូ អយ កន្លងមកលោកយូ ប៉ាសិទ្ធិ ធ្លាប់ធ្វើជាអភិបាលរងខេត្តស្ទឹងត្រែង តែត្រូវបានរាជរដ្ឋាភិបាលដកតំណែង ពីអភិបាលរងខេត្តស្ទឹងត្រែងឲ្យមកធ្វើការនៅក្រសួងកិច្ចការនារី ជាកន្លែងដើមវិញ។
ប្រភពមួយទៀតបានបង្ហើបឲ្យដឹងថាលោក យូ ប៉ាសិទ្ធិ រូបនេះគឺមានរឿងអាស្រូវច្រើនណាស់ពាក់ពាន់និងរឿងដីធ្លី៕
ដោយសហការី rithysen-news