ខេត្តកំពង់ឆ្នាំង÷ឯកឧត្តម សុ៊ន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលបានកាត់ឆ្វៀលដី សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១ ៦៨៨គ្រួសារ ក្នុងភូមិសាស្ត្រឃុំសំរោងសែន និងឃុំផ្លូវទូក ស្រុកកំពង់លែង បានរស់នៅ និងអាស្រ័យផល តាមរយៈអនុក្រឹត្យលេខ ១១២ អនក្រ.បក ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ និងបានផ្ដល់ការអនុញ្ញាតឲ្យរដ្ឋបាលខេត្ត ចុះកំណត់ទីតាំង និងអត្តសញ្ញាណដី ស្ថិតក្នុងឃុំកំពង់ហៅ ឃុំត្រងិល ឃុំស្វាយរំពារ ឃុំដារ ឃុំច្រណូក និងឃុំពោធិ៍ នៃស្រុកកំពង់លែង និងក្រុង ស្រុកចំនួន៥ផ្សេងទៀតរួមមាន ស្រុកបរិបូណ៌ ស្រុករលាប្អៀរ ស្រុកជលគិរី ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ដើម្បលើកសំណើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលបន្តទៀត។
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងក្នុងនាមឯកឧត្តម ផ្ទាល់នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជារៀងរហូតតទៅ និងសូមគោរពបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា ប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ សូមកើតមានដល់ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី កុំបីឃ្លៀងឃ្លាតឡើយ៕