១២/០៣/២០២៣
ខេត្តកំពង់ឆ្នាំង÷រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អភិបាលក្រុង ស្រុក ក្រុមការងារអនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ព្រមទាំងមានការនិមន្តចូលរួមពីព្រះគ្រូពោធិរតនញាណ ឆន ឆុង រាជាគណ:ថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តទេពធីតារាម និងសប្បុរសជនជិតឆ្ងាយ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ចែកជូនគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ៤៥ គ្រួសារ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ឯកឧត្តមបានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចូលរួមសោកស្ដាយចំពោះការខូចខាតផ្ទះសម្បែង ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះអគ្គីភ័យដែលជាកម្លាំងញើសឈាមរបស់បងប្អូនប្រជាពលរដ្ឋបានខិតខំរកយ៉ាងលំបាកជាច្រើនឆ្នាំមកនេះ។ ខ្ញុំបាទនិងភរិយា ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសោកស្ដាយ និងអាណិតអាសូរជាពន់ពេកចំពោះបងប្អូនគ្រួសាររងគ្រោះ និងសូមឲ្យបងប្អូនកុំមានការអស់សង្ឃឹម សូមបន្តតស៊ូខិតខំ ប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។
អំណោយ និងសម្ភារដែលចែកជូនគ្រួសាររងគ្រោះរួមមាន អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ តង់ កន្ទេល មុង ភួយ សារុង ក្រម៉ា ចានបាយ/ចានសម្ល និងថវិកាមួយចំនួន។
មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុបចំនួន ១១លានរៀល និងប្រេងឥន្ធនៈចំនួន ២ពាន់លីត្រ ជូនដល់កងកម្លាំង និងក្រុមការងារទាំងអស់ដែលបានចេញប្រតិបត្តិការពន្លត់អគ្គីភ័យនេះផងដែរ៕
ដោយសហការី rithysen news